ខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្ញើសារគួរឲ្យភ្ញាក់ផ្អើលមួយ ទៅកាន់កីឡាករ Edinson Cavani បន្ទាប់ពីតារាឆ្នើមសញ្ជាតិអ៊ុយរូហ្គាយរូបនេះ បានយល់ព្រមផ្លាស់ប្តូរលេខអាវរបស់ខ្លួន នៅក្នុងក្រុមបិសាចក្រហម Manchester United ។
ជាក់ស្តែង Cavani បានកាន់កាប់អាវលេខ ៧ ចាប់តាំងពីបានចូលរួមជាមួយក្លឹប United ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនកាលពីមួយឆ្នាំមុន ហើយបានចាប់ផ្តើមរដូវកាលថ្មីនេះ ជាមួយនឹងការពាក់លេខអាវនេះ នៅក្នុងជ័យជម្នះទៅលើក្រុម Wolves កាលពីថ្ងៃអាទិត្យសប្តាហ៍មុនផងដែរ ។
តែទោះជាយ៉ាងណាចុងបញ្ចប់ Ronaldo ក៏បានទទួលអាវលេខ ៧ របស់ខ្លួនជាថ្មីម្តងទៀត បន្ទាប់ពីមានការយល់ព្រមពីសំណាក់កីឡាករ Cavani ស្របពេលខ្សែប្រយុទ្ធវ័យ ៣៤ រូបនេះ នឹងត្រូវប្តូរមកពាក់អាវលេខ ២១ ជំនួសវិញ ដែលទំនេរដោយសារតែការចាកចេញរបស់កីឡាករ Dan James ទៅកាន់ Leeds United ក្នុងពេលថ្មីៗនេះ ។
ហើយឥឡូវនេះ Ronaldo បានចេញសារមួយដើម្បីជាការថ្លែងអំណរគុណទៅដល់មិត្តរួមក្រុមថ្មីរបស់ខ្លួន ដែលសង្ឃឹមថាពួកគេទាំង ២ នឹងអាចចាប់ដៃគូគ្នា ដើម្បីធ្វើឲ្យតំបន់ប្រយុទ្ធរបស់ក្រុមលោក Ole Gunnar Solskjaer កាន់តែមានភាពមុនស្រួច នៅរដូវកាលនេះ។
យ៉ាងណាបុរសវ័យ ៣៦ ឆ្នាំខាងលើ បានសរសេរថា៖“ ខ្ញុំមិនប្រាកដថាអាចមានសំណាងពាក់អាវលេខ ៧ ម្តងទៀតទេ។ ដូច្នេះខ្ញុំចង់និយាយអរគុណយ៉ាងខ្លាំងទៅកាន់ Edi ចំពោះទឹកចិត្តដ៏មិនគួរឱ្យជឿមួយនេះ” ។
គួរបញ្ជាក់ផងដែរថា Ronaldo ត្រូវគេរំពឹងថានឹងបង្ហាញខ្លួនលើកដំបូងឲ្យក្រុម Man United សម្រាប់អាជីពលើកទី ២ របស់ខ្លួន ជាមួយអាវលេខ ៧ នេះ នៅក្នុងការប្រកួតទល់ក្រុម Newcastle នាកីឡដ្ឋាន Old Trafford នៅថ្ងៃទី ១១ ខែកញ្ញាខាងមុខនេះ ៕





0 comments:
Post a Comment